កម្មវិធី CPSA នៃអង្គការ Grow Asia ដឹកនាំសហគមន៍កសិកម្ម ២ខេត្តចូលរួមដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នៃការផលិតជីសរីរាង្គពីធ្យូងអង្កាម

ខេត្តកំពង់ឆ្នាំង៖ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា តាមរយៈកម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា ហៅកាត់ថា CPSA នៃអង្គការ Grow Asia ក្រុមការងារបានដឹកនាំសហគមន៍កសិកម្មចំនួន៥ បានចុះទៅទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ អំពីការផលិតជីសរីរាង្គពីអង្កាមនៅក្រុមហ៊ុន Husk Venture ប្រកបដោយជោគជ័យ។ ដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងសហគមន៍កសិកម្មចំនួន ៥​ មកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងពីក្រុមហ៊ុន Husk Venture។ ​

ក្រោមការរៀបចំពីគម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ Strengthening Rice Value Chain សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ​ និងក្រុមហ៊ុន Husk Venture  ដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះបានបិទបញ្ចប់ទៅប្រកបដោយផ្លែផ្ការ ហើយតំណាងសហគមន៍កសិកម្មបានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមអំពីសារៈសំខាន់ក្នុងការប្រើប្រាស់ជីសរីរាង្គដែលផលិតអំពីធ្យូងអង្កាម ដើម្បីបង្កើនទិន្នផលខ្ពស់ទាំងគុណភាព និងបរិមាណ និងការកើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។ ​

តំណាងសហគមន៍អភិវឌ្ឍកសិកម្មក្រាំងល្វា អ្នកស្រី ហ៊ឹម ធា បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះដំណើរកម្មសិក្សានេះថា អ្នកស្រីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម និងយល់កាន់តែច្បាស់អំពីដំណើរការនៃការផលិតជីធ្យូងអង្កាមសរីរាង្គ និងសារៈប្រយោជន៍ក្នុងការកែប្រែគុណភាពដី និងទទួលបានទិន្នផលច្រើនជាងមុន។

អ្នកស្រី ហ៊ឹម​ ធា​ បានបន្ថែមដូចនេះ៖ដំណើរទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នៅថ្ងៃនេះ គឺខ្ញុំពេញចិត្តតែម្តងដោយសារតែក្រុមហ៊ុននេះបានធ្វើបទបង្ហាញផ្តោតខ្លាំងជាងគេគឺទៅលើដំណើការនៃការផលិត និងសារៈ​ប្រយោជន៍នៃជីសរីរាង្គ វាត្រូវនឹងអ្វីដែលខ្ញុំកំពុងផលិតស្រូវសរីរាង្គ។ ហើយខ្ញុំនឹងពាំនាំយកមេរៀនទាំងនេះ ប្រាប់ទៅកាន់សមាជិកសហគមន៍របស់ខ្ញុំ ហើយពិភាក្សាគ្នាថាតើ គួរជ្រើសរើសងាកមកប្រើជីសរីរាង្គនេះអោយសមស្របទៅនឹងការដាំដុះស្រូវរបស់សហគមន៍របស់យើងចា៎”។

តំណាងសហគមន៍អភិវឌ្ឍកសិកម្មក្រាំងល្វា អ្នកស្រី ហ៊ឹម ធា

ស្រដៀងនឹងការលើកឡើងនេះ អ្នកស្រី ឃឹម សុគន្ធា ប្រធានស្តីទីនៃសហគមន៍កសិកម្មក្រាំងលាវសាមគ្គី យល់ឃើញបែបនេះថា​៖ វាមានសារៈសំខាន់ណាស់ ព្រោះថាពួកយើងជាសហគមន៍កសិកម្ម ត្រូវផ្តោតទៅលើការប្រើប្រាស់ជីធម្មជាតិឱ្យស្របតាមស្តង់ដា កម្រិតដីប៉ុណា្ណ ហើយទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះបានបង្ហាញពីប្រយោជន៍ និងការជ្រើសរើសជីសរីរាង្គ និងរបៀបនៃការប្រើប្រាស់ជីធម្មជាតិប៉ុណ្ណា គ្រប់គ្រងម្រិតដីស្រែប៉ុណ្ណាទើបទទួលបានទិន្នផលល្អ!”។

អ្នកស្រី ឃឹម សុគន្ធា ប្រធានស្តីទីនៃសហគមន៍កសិកម្មក្រាំងលាវសាមគ្គី

មន្រ្តីការិយាល័យអភិវឌ្ឍនសហគមន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកស្រី វ៉ែន សុច័ន្ទ បានយល់ស្របនឹងការលើកឡើងនេះថា៖ “ក្នុងនាមជាមន្រ្តីការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម ខ្ញុំយល់ឃើញថាកម្មសិក្សានេះ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សហគមន៍កសិកម្ម ជាពិសេសគឺការប្រើប្រាស់ជីសរីរាង្គដែលវាផ្តល់អត្ថប្រយោជន៍ទៅដល់ការពង្រឹងគុណភាពដី និងស្តង់ដាខ្ពស់សម្រាប់កសិផលរបស់ពួកគាត់! ខ្ញុំយល់ថា វាគឺជាមេរៀនដ៍ល្អមួយដែលពួកគាត់អាចចែករំលែកចំណេះដឹងទាំងអស់នោះទៅដល់សមាជិកសហគមន៍របស់ពួកគាត់!”។

អ្នកស្រី វ៉ែន សុច័ន្ទ មន្រ្តីការិយាល័យអភិវឌ្ឍនសហគមន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

អ្នកស្រីបន្ថែមថា ការផ្តល់ការគាំទ្រពីកម្មវិធី CPSA គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងនិងជាចំណែកមួយនៃការគាំទ្រលើចីរភាពវិស័យកសិកម្មរបស់កម្ពុជា ដែលវាស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានគម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ នៃកម្មវិធី CPSA កញ្ញា តាំង ស៊ីវហ្គិច ក៏បានបង្ហាញអំពីកម្មវត្ថុរួមនៃដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍មួយនេះ ថាជាការផ្សារភ្ជាប់រវាងវិស័យឯកជន និងសហគមន៍កសិកម្ម (ក្រុមផលិតស្រូវ) ជាពិសេសមានការគាំទ្រពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងការផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់សហគមន៍កសិកម្មរបស់ពួកគេ។

កញ្ញាលើកឡើងថា៖ “ដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះគឺចង់ផ្សារភ្ជាប់សហគមន៍កសិកម្ម (ក្រុមផលិតស្រូវ) របស់យើង បានស្វែងយល់អំពីការជ្រើសរើសជីធម្មជាតិ បច្ចេកទេសសម្រាប់គម្រោងស្រូវសម្រាប់សហគមន៍របស់គាត់ ហើយលើសពីនេះទៅទៀតគឺយើងចង់ផ្សារភ្ជាប់បណ្តាញរវាងកសិករ និងវិស័យឯកជនដើម្បីឱ្យពួកគាត់មានការប្រាស្រ័យទាក់ទងជាប្រយោជន៍សម្រាប់ការគ្រប់គ្រងសហគមន៍កសិកម្មរបស់ពួកគាត់”។

កញ្ញា តាំង ស៊ីវហ្គិច ប្រធានគម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ នៃកម្មវិធី CPSA

ក្នុងកិច្ចសហការជាង ២ ឆ្នាំ រវាងកម្មវិធី CPSA នៃអង្គការ Grow Asia និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា “គម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ “  បានអនុវត្តន៍កម្មវិធីរបស់ខ្លួនរយៈពេល ១៨ ខែ ផ្តោតលើការលើកកម្ពស់ផលិតកម្មដំណាំស្រូវ និងឱកាសពង្រីកទីផ្សារ។  គម្រោងនេះមានបេសកកម្មដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវ បង្កើនទីផ្សារកាន់តែទូលំទូលាយ និងជំរុញលំហូរប្រាក់ចំណូលសម្រាប់កសិករ។

កញ្ញា ម៉ម វណ្ណារី អ្នកប្រតិបត្តផ្នែកនិរន្តរភាពនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលើកឡើងដូច្នេះថា៖ តាមពិតទៅ គម្រោងរវាងហ៊ិននីគែន និង កម្មវិធី CPSA បានធ្វើការជាមួយគ្នាមួយរយៈកន្លងមកហើយ តែអីដែលសំខាន់បំផុតនឹងគឺការពង្រឹងទៅលើវិស័យកសិកម្ម ដំណាំស្រូវជាដើម ហើយអ្វីដែលធំបំផុតនេះគឺនៅក្រុមហ៊ុន ហ៊ិននីគែន អង្ករជាគ្រឿងផ្សំមួយ ឬក៏អាចនិយាយបានថាជាធាតុផ្សំមួយនៃការផលិតរបស់យើងផងដែរ។”

កញ្ញា ម៉ម វណ្ណារី អ្នកប្រតិបត្តផ្នែកនិរន្តរភាពនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

សូមបញ្ជាក់ថា កម្មសិក្សានេះគឺស្ថិតនៅក្រោមគម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវរបស់កម្មវិធី CPSA ដែលទទួលបានការគាំទ្រថវិកាពីក្រុមហ៊ុន HEINEKEN Cambodia។ បេសកកម្មសំខាន់របស់គម្រោងនេះគឺដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវ បង្កើនទីផ្សារកាន់តែទូលំទូលាយ និងជំរុញលំហូរប្រាក់ចំណូលសម្រាប់កសិករ។ ការសម្រេចបាននូវគោលដៅទាំងនេះពាក់ព័ន្ធទៅនឹងការកសាងសមត្ថភាព ការណែនាំ និងការបង្ហាត់បង្ហាញទៅកាន់សមាជិកនៃសហគមន៍កសិកម្មទាំងនោះ។ កសិករត្រូវបានភ្ជាប់ជាមួយចំណេះដឹង លើមុខវិជ្ជាសំខាន់ៗ ជាពិសេសផ្តោតទៅលើបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ដែលអាចឱ្យពួកគេដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ     និងការប្រើប្រាស់ថ្នាំកសិកម្មគ្មានបទដ្ឋាន។

ភាសាខ្មែរ