រដ្ឋមន្រ្តីក្រសួងកសិកម្ម គាំទ្រអង្គការ Grow Asia Partnership ដែលស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងការលើកស្ទួយវិស័យកសិកម្មកម្ពុជា


ក្រុងភ្នំពេញ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោកស្រី Beverley Postma នាយិកានៃអង្គការ Grow Asia Partnership រួមជាឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខធិការ​​ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក គ្រប់ជាន់ថ្នាក់  និងលោក លោកស្រី ចូលជួបកិច្ចប្រជុំ និងសម្តែងការគួសមដែលបង្ហាញពីកម្មវិធី “ ដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) “ ដែលកំពុងអនុវត្តសកម្មភាពរបស់ក្នុងប្រទេសកម្ពុជា។

ក្រោយពីបទរាយការណ៍ស្តីពីលទ្ធផលកម្មវិធី CPSA របស់ អង្គការ Grow Asia Partnership រួចមក ឯកឧត្តមរដ្ឋមន្ត្រី សម្តែងការកោតសសើរ និងការពេញចិត្ត និងស្វាគមន៌ចំពោះកិច្ចសហការគ្នារវាងស្ថាប័នក្នុងរយៈពេលប្រមាណ ៧ ឆ្នាំកន្លងមកនេះ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរ លើសកម្មភាពអាទិភាពសំខាន់ៗ ដែលក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

រូបភាពដោយ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នៅចំណុចជាយុទ្ធសាស្រ្តកំពុងបន្តជំរុញយន្តការការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ ក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់នៃកម្ចីដែលមានអាត្រាការប្រាក់ទាប ដែលអាចជួយជំរុញផលិតកម្មកសិកម្មឱ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ដល់ប្រជាកសិករ។​

រូបភាពដោយ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ជាការឆ្លើយតប លោកស្រី Beverley Postma បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា  ទស្សនៈរបស់អង្គការ Grow Asia  Partnership ចង់ឃើញរាល់សកម្មភាពឆ្លើយទៅនឹងផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ហើយលើសពីនេះទៀត គឺចង់ធ្វើការកៀងគរពីគ្រប់ភាគីពាក់ព័ន្ធមកចូលរួមគាំទ្រ និងសហការគ្នាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ លោកស្រីបានបញ្ជាក់អំពីការប្តេជ្ញាចិត្តជាអាទិភាពទៅលើការគាំទ្រលើវិស័យកសិកម្មកម្ពុជា ដោយទាក់ទាញអោយមានការវិនិយោគអោយកាន់តែច្រើន ដើរតួនាទីជាកាតាលីករក្នុងការពន្លឿនភាពច្នៃប្រឌិតក្នុងវិស័យកសិកម្ម និងកសាងបរិយាកាសដ៏រឹងមាំសម្រាប់សហគមន៍កសិកម្មទំនើប ដែលស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី លាវ គីមណា នាយិកាប្រចាំប្រទេសនៃកម្មវិធី CPSA ក៏បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអនុវត្តគម្រោងសកម្មភាពទូទៅដែលផ្តោតសំខាន់ទៅលើក្រុមការងារទាំង ៥ គឺ ស្រូវ ស្វាយចន្ទី បន្លែផ្លែឈើ ម្រេច និងសហគ្រាសកែច្នៃធុនតូចនឹងមធ្យម ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងទៅដល់កម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី៦ ក្នុងការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ ការអនុវត្តកសិកម្មតាមកិច្ចសន្យា និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្ចីហរិញ្ញប្បទាន។ 

រូបភាពដោយ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សូមបញ្ជាក់ថា កម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា CPSA របស់អង្គការ Grow Asia Partnership ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ហើយបានបង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងលេខាធិការដ្ឋានអាស៊ានក្នុងឆ្នាំ​ ២០១៦។ កម្មវិធី CPSA របស់អង្គការ Grow Asia Partnership បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងពាក់ព័ន្ធនានា វិស័យឯកជន ក្រុមហ៊ុន អង្គការក្រៅរដ្ឋភិបាល អង្គការកសិករ និងស្ថាប័នហិរញ្ញវត្ថុដើម្បីភ្ជាប់អ្នកផលិតទៅកាន់ទីផ្សារ។

បច្ចុប្បន្ន កម្មវិធី CPSA កំពុងគាំទ្រដល់ក្រុមការងារចំនួនបួន (សហព័ន្ធស្វាយចន្ទី ម្រេច បន្លែ និងផ្លែឈើ និងសហគ្រាសកែច្នៃចំណីអាហារខ្នាតតូច និងមធ្យម) ដែលមានដៃគូចំនួនជាង ១២៤ និងផ្តោតកម្មវិធីធំៗចំនួនបួន (ការកែច្នៃកសិ-ចំណីអាហារ ការលើកកម្ពស់សេដ្ឋកិច្ចស្រ្តី ការវិនិយោគលើកសិកម្មប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់ភាពធន់ និងអាកាសធាតុ)៕

រូបភាពដោយ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពដោយ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពដោយ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
English