ភ្នំពេញ — នៅក្នុងកិច្ចខិតខំប្រឹងប្រែងឈានមុខគេមួយក្នុងគោលបំណងជំរុញវិស័យកសិកម្មនៅកម្ពុជា កម្មវិធី ដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា CPSA-Grow Asia បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចសិក្សានេះ បានបង្ហាញពីភាពជោគជ័យមួយក្នុងកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូសហការ និងគំនិតផ្តួចផ្តើម ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៣ រវាង CPSA-Grow Asia និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងចំណោមគម្រោងទាំងអស់ដែលមាននៅក្នុងកម្មវិធី ដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា CPSA-Grow Asia មានគម្រោងមួយបានជ្រើសយកមកសម្រាប់ដំណើរទស្សនៈកិច្ចសិក្សារ “ គម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ “ បានអនុវត្តន៍កម្មវិធីរបស់ខ្លួនរយៈពេល ១៨ ខែ ផ្តោតលើការលើកកម្ពស់ផលិតកម្មដំណាំស្រូវ និងឱកាសពង្រីកទីផ្សារ។ គម្រោងនោះបានជ្រើសយកសហគមន៍កសិកម្មចំនួនប្រាំ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានក្លាយជាចំណុចស្នូលនៃគំនិតផ្តួចផ្តើមនិងការអនុវត្តគម្រោង។
បេសកកម្មសំខាន់របស់គម្រោងនេះគឺដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវ បង្កើនទីផ្សារកាន់តែទូលំទូលាយ និងជំរុញលំហូរប្រាក់ចំណូលសម្រាប់កសិករ។ ការសម្រេចបាននូវគោលដៅទាំងនេះពាក់ព័ន្ធទៅនឹងការកសាងសមត្ថភាព ការណែនាំ និងការបង្ហាត់បង្ហាញទៅកាន់សមាជិកនៃសហគមន៍កសិកម្មទាំងនោះ។ កសិករត្រូវបានភ្ជាប់ជាមួយចំណេះដឹង លើមុខវិជ្ជាសំខាន់ៗ ជាពិសេសផ្តោតទៅលើបច្ចេកវិជ្ជាកសិកម្មឆ្លាតវៃ ដែលអាចឱ្យពួកគេដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថ្នាំកសិកម្មគ្មានបទដ្ឋាន។
លើសពីនេះទៀត គម្រោងនេះបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់សហគមន៍កសិកម្ម ទាក់ទងនឹងការកែសម្រួលដល់ការធ្វើប្រតិបត្តិការអាជីវកម្ម ការអនុវត្តទីផ្សារជាយុទ្ធសាស្រ្ត និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ផែនការអាជីវកម្មដែលមានរចនាសម្ព័ន្ធ បានផ្តល់សិទ្ធិអំណាចដល់សហគមន៍កសិកម្ម ទាំងនេះក្នុងការគ្រប់គ្រងអាជីវកម្មស្រូវរបស់ពួកគេប្រកបដោយប្រសិទ្ធភាព បង្កើនប្រាក់ចំណេញ បង្កើនការងារ និងកាត់បន្ថយនិន្នាការចំណាកស្រុក។
អ្នកស្រី ជីម សុភី ប្រធានគណកម្មការត្រួតពិនិត្យនៃសហគមន៍កសិកម្មក្រាំងលាវសាមគ្គីបានលើកឡើងថា ចាប់តាំងពីមានវត្តមាននៃការជ្រោមជ្រែងរបស់កម្មវិធី CPSA កន្លងមក សមាជិករបស់សហគមន៍កសិកម្មមួយនេះបានអភិវឌ្ឍសមត្ថភាព ក៏ដូចជាការបង្កើតអោយមានទីផ្សារច្រើនជាងមុនផងដែរ។ អ្នកស្រីបានបន្តដូចនេះថា៖ “ចាប់តាំងពីយើងបានធ្វើការជាមួយ CPSA មកចាស៎ សហគមន៍មានការរីកចម្រើនច្រើន ព្រោះពួកគាត់បានបង្រៀនពួកយើងអំពីការធ្វើផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្រ្តទីផ្សារ និយាយរួមទៅអភិវឌ្ឍសមត្ថភាពរបស់សហគមន៍ចាស៎”
ជាមួយគ្នានេះ គម្រោងនៃការងើបឡើងវិញនៃគម្របបៃតងនៅតំបន់អាស៊ានតាមរយៈសមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (AGREE) ក្រោមជំនួយមូលនិធិដោយពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC) មានគោលបំណងកាត់បន្ថយបំភាយកាបូនឱ្យទាប និងការលើកកម្ពស់ឱកាសការងារសម្រាប់ស្ត្រីក្នុងវិស័យកសិកម្ម ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃក្របខណ្ឌការងាររបស់អាស៊ានក្រោយមវិបត្តិជំងីកូវីដ ១៩ ក្នុងវិស័យកសិកម្ម ជាពិសេសនៅក្នុងប្រទេសកម្ពុជា វៀតណាម និង ហ្វីលីពីន។ គម្រោងនេះក៏បានបញ្ចូល តួនាទីរបស់វិស័យឯកជនក្នុងការជួយដល់កសិករខ្នាតតូច ដោយសង្កត់ធ្ងន់លើការកសាងសមត្ថភាព ប្រតិបត្តិការអាជីវកម្មជាយុទ្ធសាស្ត្រ (រួមទាំងកសិកម្មតាមកិច្ចសន្យា) និងការចូលរួមភាពជាដៃគូសកម្ម។ ការសន្ទនា និងអនុសាសន៍គោលនយោបាយសំខាន់ៗត្រូវបានផ្តួចផ្តើមឡើងក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយ។
ដំណើរទស្សនកិច្ចសិក្សានេះបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមទាំងនេះ ដោយមានការចូលរួមពីតំណាងក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ រួមជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដូចជា៖ អេមរ៉ុរាយ៍ (Amru Rice), អង្គការបណ្តាញកសិករ និងធម្មជាតិ (FNN) និងវិទ្យាស្ថានកម្ពុជាសម្រាប់ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជនបទ (CIRD)។ ដំណើរទស្សនកិច្ចនេះគឺជាវេទិកាមួយសម្រាប់ការពិភាក្សាដ៏រស់រវើក និងដំណើរទស្សនកិច្ចសិក្សាប្រកបដោយការយល់ដឹង។ គោលបំណងចម្បងរួមមានការចែករំលែកគំនិតច្នៃប្រឌិត ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងប្រតិបត្តិការអាជីវកម្ម និងការធ្វើកសិកម្មតាមកិច្ចសន្យាក្នុងខ្សែច្រវាក់តម្លៃស្រូវ និងបន្លែដោយទទួលបានការយល់ដឹងអំពីប្រតិបត្តិការ និងការគ្រប់គ្រងជាក់ស្តែងនៅក្នុងសហគមន៍កសិកម្មគោលដៅ និងការជំរុញទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ។