សកម្មភាពណែនាំតម្រង់ទិសពង្រឹងសមត្ថភាព សម្រាប់គណៈកម្មការសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ក្នុងខេត្តកំពង់ឆ្នាំង

ក្នុងសបា្តហ៍នេះ ក្រុមការងារ Grow Asia-CPSA តាមរយៈគម្រោងពង្រឹងខ្សែច្រវាក់តម្លៃស្រូវ បានរៀបចំសកម្មភាពបណ្តុះបណ្តាល និងការណែនាំតម្រង់ទិស លើប្រធានបទការគ្រប់គ្រង និងដឹកនាំសហគមន៍កសិកម្ម ការរៀបចំផែនការអាជីវកម្ម ការធ្វើយុទ្ធសាស្រ្តទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុ ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល និងតំណាងសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ដែលស្ថិតក្នុងឃុំ ក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

គោលបំណងនៃសកម្មភាពនេះ គឺដើម្បីកំណត់បញ្ហាប្រឈម  និងឱកាសរបស់សហគមន៍កសិកម្មគោលដៅ  មុនពេលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដោយផ្អែកលើតម្រូវការចាំបាច់របស់សហគមន៍ ដើម្បីរួមចំណែកកែលម្អ ពង្រឹងការគ្រប់គ្រងសហគមន៍។

សកម្មភាពណែនាំតម្រង់ទិសនេះគឺជាវគ្គពិសេសមួយ       ដែលបង្កើតឡើងសម្រាប់ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដោយការអនុវត្តន៍ផ្ទាល់ ដើម្បីជួយពង្រឹងសហគមន៍កសិកម្ម បន្ទាប់ពីពួកគេបានចូលរួមវគ្គបណ្តុះបណ្តាលកន្លងមកនៅក្នុងគម្រោងពង្រឹងខ្សែច្រវាក់តម្លៃស្រូវដែលអនុវត្តន៍ដោយអង្គការ Grow Asia-CPSA គាំទ្រដោយក្រុមហ៊ុន Heineken Cambodia។

មតិយោបល់ពីគណៈកម្មការសហគមន៍កសិកម្មក្រាំងលាវសាមគ្គីបានលើកឡើងថា៖ តាមរយៈការឆ្លុះបញ្ចាំ និងសកម្មភាពណែនាំតម្រង់ទិសថ្ងៃនេះ យើងបានយល់ថាកង្វះខាតនៃការដឹកនាំសហគមន៍ គឺជាកត្តាប្រឈម និងផលលំបាកសម្រាប់សហគមន៍នាពេលបច្ចុប្បន្ន ដូចនេះយើងកំពុងតែព្យាយាមបង្កើនសមត្ថភាពសមាជិករបស់យើង និងស្វែងរកធនធានបន្ថែមដើម្បីជួយសម្រួល និងដឹកនាំសហគមន៍របស់យើងឲ្យមានភាពរីកចម្រើន៕

English