ក្រុងបាត់ដំបង៖ តំណាងសហគមន៍កសិកម្មចំនួន ៥ មកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានចូលរួមជាមួយនឹងដំណើរកម្មសិក្សាស្តីអំពីការធ្វើកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ និងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ នៅខេត្តបាត់ដំបង។ កម្មសិក្សានេះ ដឹកនាំដោយអង្គការ Grow Asia – CPSA ក្រោមការសម្របសម្រួលពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជនបទកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤។

កម្មសិក្សានេះមានការចូលរួម ពីប្រធានការិយាល័យអភិវឌ្ឍកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងតំណាងសហគមន៍កសិកម្ម១០រូប មកពី សហគមន៍កសិកម្ម ចំនួន៥ រួមមាន សហគមន៍កសិកម្មធ្លកវៀនមានជ័យ សហគមន៍កសិកម្មក្រាំងលាវសាមគ្គី សហគមន៍អភិវឌ្ឍកសិកម្មឃុំក្រាំងល្វា សហគមន៍កសិកម្មរំដួលរុងរឿង និងសហគមន៍កសិកម្មស្វាយចចឹបមានជ័យ។
គោលបំំណងនៃកម្មសិក្សានេះ គឺផ្តល់ជូនតំំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងតំណាងគណៈគម្មការសហគមន៍កសិកម្ម ដែលមកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានរៀនសូត្រ និងផ្លាស់ប្តូរបទពិសោទន៍ទាក់ទងនឹងការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ និងចំណេះដឹងក្នុងការតភ្ជាប់ទីផ្សារសម្រាប់ខ្សែច្រវាក់ផលិតកម្មស្រូវនៅក្នុងតំបន់។
លោក តេវ នឿន អនុប្រធាននៃសហគមន៍រំដួលរុងរឿង មានប្រសាសន៍ដូចនេះថា៖ ខ្ញុំសប្បាយចិត្តណាស់ដែលបានរៀនសូត្រពីបច្ចេកទេសថ្មីៗ ពេលត្រលប់ទៅវិញខ្ញុំនឹងសាកល្បងបច្ចេកទេសដាំដំណាំគម្របដី ដើម្បីបង្កើនជីជាតិ និងពង្រឹងគុណភាពដីស្រែរបស់ខ្ញុំ ហើយខ្ញុំនឹងបន្តចែករំលែកពីបច្ចេកទេសល្អៗដែលខ្ញុំបានរៀនសូត្រនៅថ្ងៃនេះ ទៅកាន់សមាជិកសហគមន៍របស់ខ្ញុំផងដែរ។

សូមបញ្ជាក់ថា កម្មសិក្សានេះគឺស្ថិតនៅក្រោមគម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវរបស់កម្មវិធី CPSA ដែលទទួលបានការគាំទ្រថវិកាពីក្រុមហ៊ុន HEINEKEN Cambodia។ បេសកកម្មសំខាន់របស់គម្រោងនេះគឺដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវ បង្កើនទីផ្សារកាន់តែទូលំទូលាយ និងជំរុញលំហូរប្រាក់ចំណូលសម្រាប់កសិករ។ ការសម្រេចបាននូវគោលដៅទាំងនេះពាក់ព័ន្ធទៅនឹងការកសាងសមត្ថភាព ការណែនាំ និងការបង្ហាត់បង្ហាញទៅកាន់សមាជិកនៃសហគមន៍កសិកម្មដែលនៅក្នុងតំបន់គោលដៅ។ កសិករត្រូវបានភ្ជាប់ជាមួយចំណេះដឹង លើមុខវិជ្ជាសំខាន់ៗ ជាពិសេសផ្តោតទៅលើបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ដែលអាចឱ្យពួកគេដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថ្នាំកសិកម្មគ្មានបទដ្ឋាន។