
សាវតាកម្មវិធី
អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) គឺជាអង្គការដៃគូប្រចាំប្រទេសរបស់ Grow Asia ក្នុងប្រទេសកម្ពុជា ដែលធ្វើការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត ក៏ដូចជាផ្នែកឯកជន និងអង្គការកសិករ។ CPSA ធ្វើការរួមគ្នាជាមួយក្រុមហ៊ុន ភ្នាក់ងាររដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមកសិករ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីភ្ជាប់កសិករខ្នាតតូច ទៅកាន់ទីផ្សារ។ គោលបំណងរួមគឺដើម្បីបង្កើនប្រាក់ចំណូល និងផលិតភាពរបស់កសិករ ព្រមទាំងជម្រុញឱ្យមាននិរន្តរភាពបរិស្ថានសម្រាប់ការងារកសិកម្ម។ បន្ថែមពីនេះផងដែរ CPSA ក៏កំពុងធ្វើការគាំទ្រក្រុមការងារចំនួន៤មានដូចជា៖ ស្វាយចន្ទី ម្រេច ផ្លែឈើ និងបន្លែ និងសហគ្រាសធុនតូច និងមធ្យមផ្នែក កសិ-អាហារ និងបញ្ហាដទៃសំខាន់ចំនួន៣ទៀត (កសិកម្មតាមកិច្ចសន្យា ការវិនិយោគកសិកម្មប្រកបដោយភាពទទួលខុសត្រូវ និងបច្ចេកវិទ្យាកសិកម្ម)។
ក្នុងឆ្នាំ២០២១ CPSA បានទទួលការគាំទ្រពី សហគ្រិនខែ្មរ (KE) ដែលជាស្ថាប័នមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយទស្សនវិស័យប្រែក្លាយជាវេទិការថ្នាក់ជាតិ សម្រាប់ការជម្រុញលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនក្នុងប្រទេសកម្ពុជា និង CPSA បានចូលរួមសហការជាដៃគូ អនុវត្តកម្មវិធីបណ្ដុះធុរកិច្ចសហគ្រិនសហគមន៍កសិកម្ម និងហាត់ការការងារនៅតាមសហគមន៍កសិកម្ម។
កម្មវិធីបណ្ដុះធុរកិច្ចសហគ្រិនសហគមន៍កសិកម្មមានរយៈពេល៣ឆ្នាំ ក្នុងគោលបំណងក្នុងការបង្កើតឧស្សាហកម្មកសិកម្មប្រកបដោយផលិតភាពខ្ពស់ និងមាននិរន្តភាព ដោយធ្វើការជាមួយក្រុមគោលដៅចំនួន២រួមមាន យុវជន និងក្រុមកសិករ។ គម្រោងនេះមានសមាសភាពសំខាន់ៗចំនួន២ (i) “ការបណ្តុះគំនិតធុរកិច្ចថ្មី” ដែលយុវជន ត្រូវបានផ្តល់ការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម សហគ្រិនភាព និងជំនាញអាជីវកម្ម ក្នុងរយៈពេល៤ខែ និង(ii) “ការចុះកម្មសិក្សា” របស់និស្សិត រយៈពេលមួយឆ្នាំ នៅតាមសហគមន៍កសិកម្ម ក្នុងខេត្តមួយចំនួន ដើម្បី គាំទ្រកសិករ និងសហគមន៍ជនបទ។
សំណួរដែលត្រូវបានសួរញឹកញាប់ (FAQs)

១. តើកម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជាអ្វី?
កម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជាកម្មវិធីថ្មីដែលអនុវត្តដោយអង្គការភាពជាដៃគូដើម្បីចីរភាពកសិកម្មកម្ពុជា(CPSA)ក្រោមការផ្តល់មូលនិធិដោយសហគ្រិនខ្មែរ។កម្មវិធីនេះមានគោលបំណងទាក់ទាញយុវជនចូលក្នុងវិស័យកសិកម្ម និងបណ្តុះផ្នត់គំនិតសហគ្រិនភាពពួកគេក្នុងចំណោមសហគមន៍កសិកម្ម។
២. តើកម្មវិធីនេះមានសមាសភាពអ្វីខ្លះ?
កម្មវិធីនេះ មាន២សមាសភាពសំខាន់ៗ ទី ១៖ វគ្គបណ្តុះគំនិតធុរកិច្ចថ្មី និងទី ២៖ ការចុះកម្មសិក្សាជាមួយសហគមន៍កសិកម្ម។
៣. តើកម្មវិធីនេះមានរយៈពេលប៉ុន្មាន?
ទី១៖“ការបណ្តុះធុរកិច្ចថ្មី” ដែលយុវជន ត្រូវទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម សហគ្រិនភាព និងជំនាញធុរកិច្ច ក្នុងរយៈពេល៤ខែ និងទី២៖ ការចុះចុះអនុវត្តការងារផ្ទាល់ជាមួយសហគមន៍កសិកម្មដែលមានរយៈពេល១២ខែ នៅតាមសហគមន៍កសិកម្ម ក្នុងខេត្តគោលដៅ។
៤. តើខ្ញុំអាចចូលរួមតែកម្មវិធីបណ្តុះ ធុរកិច្ចថ្មីរយៈពេល៤ខែបានទេ?
គម្រោងនេះ លើកទឹកចិត្តឲ្យបេក្ខជនដែលបានជ្រើសរើសត្រូវតែចូលរួមវគ្គបណ្តុះបណ្តាលធុរៈកិច្ចថ្មីរយៈពេល ៤ខែ និងការចុះអនុវត្តការងារផ្ទាល់រយៈពេល១ឆ្នាំ។ គម្រោងមានការជ្រើសរើសយ៉ាងល្អិតល្អន់ទៅលើបេក្ខភាពដែលមកសិក្សា និងការចូលរួមធ្វើការជាមួយសហគមន៍កសិកម្ម។ ទាំងនេះជាលក្ខខណ្ឌដែលចាំបាច់ក្នុងការជ្រើសរើស។
៥. តើកម្មវិធីបណ្តុះធុរកិច្ចថ្មី ជាការសិក្សាពេញម៉ោង ឫក្រៅម៉ោង?
ការបណ្តុះបណ្តាលធ្វើឡើងក្រៅម៉ោង ដោយយុវជនត្រូវចូលរួមយ៉ាងហោចណាស់១០០ ម៉ោងក្នុងរយៈពេល៤ខែខាងមុខ។

៦. តើការគាំទ្រយ៉ាងដូចម្តេចក្នុងកំឡុងពេលការបណ្តុះធុរកិច្ចថ្មី?
ការគាំទ្របេក្ខជនរួមជាមួយនឹងការធ្វើដំណើរទៅមកទីក្រុងភ្នំពេញ ការស្នាក់នៅ និងអាហារ (ប្រសិនបើបេក្ខជនមកពីបណ្តាខេត្តផ្សេងៗ)។
៧. តើការបណ្តុះធុរកិច្ចថ្មី ធ្វើឡើងនៅទីណា និងរបៀបណា?
ការបណ្តុះធុរកិច្ចថ្មីធ្វើឡើងនៅភ្នំពេញ និងកម្មសិក្សាដល់ខេត្តផ្ទាល់រយៈពេល១អាទិត្យមុនចុះអនុវត្តការងារផ្ទាល់(ប្រសិនបើស្ថានភាពកូវីដធូរស្រាល)។
៨. តើជំនាញអ្វីខ្លះនឹងត្រូវបានរៀនកំឡុងពេលបណ្តុះបណ្តាល៤ខែ?
ជំនាញមានដូចជា កសិកម្ម និងកែច្នៃចំណីអាហារ សហគ្រិនភាព និងការគ្រប់គ្រងអាជីវកម្ម។
៩. តើខ្ញុំជានិស្សិតឆ្នាំទី៤(ដែលរៀបចប់ការសិក្សា) បញ្ចប់សាកលវិទ្យាល័យអាចចូលរួមដាក់ពាក្យបានទេ?
អាចដាក់ពាក្យបាន ហើយយើងពិតជាលើកទឹកចិត្តក្នុងការដាក់ពាក្យចូលរួម។
១០. តើនិស្សិតដែលរៀនចប់ហើយ ២ ឬ៣ ឆ្នាំ អាចដាក់ពាក្យបានឬទេ?
ពួកគាត់ អាចដាក់ពាក្យសុំបានតែត្រូវឆ្លងកាត់ការសម្ភាសន៍ដូចជាបេក្ខជនដទៃទៀតជាពិសេស គណៈកម្មារធិការសម្ភាសន៍នឹងពិនិត្យមើលយ៉ាងល្អិតល្អន់ នូវការប្តេជ្ញាចិត្តជាមួយគម្រោង។
១១. តើយុវជនដែលចេះអានសរសរតែមិនបានរៀនដល់ថ្នាក់ទី ៩ អាចដាក់ពាក្យសុំបានដែរឬទេ?
ពួកគាត់ អាចដាក់ពាក្យសុំបាន។
១២. តើកម្មវិធីបណ្តុះធុរកិច្ចថ្មី និងបញ្ចប់នៅពេលណា?
កម្មវិធីចាប់ផ្តើមនៅខែសីហា និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២។
១៣. តើការចុះអនុវត្តការងារផ្ទាល់ជាមួយសហគមន៍កសិកម្មចាប់ផ្តើមពេលណា និងបញ្ចប់នៅពេលណា?
ការចុះអនុវត្តការងារផ្ទាល់ជាមួយសហគមន៍កសិកម្មចាប់ផ្តើមខែ មករា និងបញ្ចប់វិញខែធ្នូ ឆ្នាំ២០២៣។
១៤. តើកំឡុងពេលចុះកម្មសិក្សា បេក្ខជនទទួលបានអ្វីខ្លះពីកម្មវិធី?
- កំឡុងពេលចុះហាត់ការ បេក្ខជនទទួលបានប្រាក់ឧបត្ថម្ភ ១,២០០,០០០ រៀល
- ទទួលបានការចង្អុលបង្ហាត់ពីអ្នកជំនាញ ទំនាក់ទំនងផ្តល់យោបល់ពីអ្នកសម្របសម្រួលសហគមន៍កសិកម្ម។
- ចំណេះដឹង ជំនាញ និងបទពិសោធន៍ពីការអនុវត្តផ្ទាល់ ទាក់ទងនឹងបច្ចេកទេសកសិកម្ម។សហគ្រិនភាព និងជំនាញការគ្រប់គ្រងធុរកិច្ច
- ឱកាសរៀនសូត្រពីអ្នកជំនាញ និងអនុវត្តការងារជាក់ស្តែងក្នុងសហគមន៍កសិកម្ម។
- ការគាំទ្រពីគម្រោងក្នុងពេលវគ្គបណ្តុះបណ្តាល និង អំឡុងពេលចុះកម្មសិក្សាជាមួយសហគមន៍កសិកម្ម។
- បន្តទទួលបានឱកាសប្រឹក្សាយោបល់ និងការណែនាំពីអ្នកជំនាញក្នុងអំឡុងពេលចុះកម្មសិក្សាក្នុងការ កសាងទំនាក់ទំនងជាមួយវិស័យឯកជន សង្គមស៊ីវិល និងរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍធុរកិច្ច និងការស្វែងរកទីផ្សារ សម្រាប់សហគមន៍កសិកម្ម។
- អាចក្លាយជាសហគ្រិនក្នុងវិស័យកសិកម្មនាពេលអនាគត។
១៥. តើការប្រកាសលទ្ធផលនៃការជ្រើសរើសបេក្ខជនសម្រាប់វគ្គទី១ ចេញលទ្ធផលពេលណា?
កម្មវិធីចេញប្រកាសលទ្ធផលវគ្គទី ១ នៅពាក់កណ្តាលនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២។