កម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា CPSA របស់អង្គការ Grow Asia នៅកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោងសិក្សាពីយេនឌ័រ និងការធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់បន្លែនៅកម្ពុជា ក្រោមគម្រោងនៃការងើបឡើងវិញនៃគម្របបៃតងនៅតំបន់អាស៊ានតាមរយៈសមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (AGREE) ក្រោមជំនួយមូលនិធិពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC)។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំនៅព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានអ្នកចូលរួមចំនួន ៣១ នាក់ ក្នុងនោះស្រ្តី ៨នាក់ ដែលជាតំណាងមកពី ស្ថាប័នសារធារណៈ ស្ថាប័នឯកជន ស្ថាប័នសង្គមស៊ីវិល អង្គការកសិករ និង ស្ថាប័នហិរញ្ញវត្ថុ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel)។ គោលបំណងរួមនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយនូវគំហើញថ្មីតាមរយៈករណីសិក្សារចំនួនពីរ ដែលបានផ្តល់អនុសាសន៍ និងមតិកែលម្អពីភាគីតួអង្គពាក់ព័ន្ធ ដើម្បីឆ្ពោះទៅរកការវិនិយោគកសិកម្មដែលរួមបញ្ជូលប្រកបដោយចីរភាព និងដើម្បីបង្កើតជាជំហានសកម្មភាពជាក់ស្តែងបន្ថែមទៀត។
សិក្ខាកាមចូលរួមអង្គសិក្ខាសាលាបានសម្តែងនូវការពេញចិត្តចំពោះឱកាសស្វែងយល់អំពីនិន្នាការយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់បន្លែនៅកម្ពុជា។ តួអង្គពាក់ព័ន្ធបានផ្តល់នូវមតិកែលម្អដ៏មានតម្លៃលើករណីសិក្សា និងគំនិតផ្តួចផ្តើមនាពេលអនាគត។
អ្នកស្រី ឡី យីម ដែលជាតំណាងស្ត្រីកសិករ បានលើកឡើងថា៖ “ខ្ញុំយល់ឃើញថាសិក្ខាសាលានេះបានផ្តល់នូវព័ត៌មានជាច្រើនពាក់ព័ន្ធតួអង្គសំខាន់ៗក្នុងខ្សែច្រវាក់បន្លែនៅកម្ពុជា រួមទាំងបញ្ហាប្រឈមដែលកសិករស្ត្រីជួបប្រទះ ដំណោះស្រាយល្អៗ និងការលើកផែនការសម្រាប់អនុវត្ត ជាពិសេសនោះគឺ សារៈសំខាន់នៃសមភាពយេនឌ័រក្នុងផែនការការពារនឹងការប្រែប្រួលអាកាសធាតុ។ ខ្ញុំប្តេជ្ញាអនុវត្តអ្វីដែលខ្ញុំបានរៀនសូត្រនឹងបន្តចែករំលែកនូវចំណេះដឹងដើម្បីលើកកម្ពស់ជីវភាពស្ត្រីកសិករក្នុងសហគមន៍របស់ខ្ញុំ»។
ក្រុមការងារនៃកម្មវិធី CPSA – Grow Asia សូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលានេះ។ CPSA- Grow Asia មានជំនឿថា សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងចូលរួមលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីបទពិសោធន៍ការអនុវត្តគម្រោង ដែលផ្តោតលើបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដែលធន់និងការប្រែប្រួលអាកាសធាតុ និងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្រ្តី ការយល់ដឹងអំពីការចូលរួមពីវិស័យឯកជនដើម្បីជំរុញការវិនិយោគកសិកម្មប្រកបដោយចីរភាព និងរបៀបសហការពីតួអង្គពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់បន្លែ ដែលមានទំនាក់ទំនងទៅនឹងគោលនយោបាយជាតិ។