Grow Asia-CPSA រៀបចំសិក្ខាសិលាពិគ្រោះយោបល់ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា

ក្រុងភ្នំពេញ៖ កម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា នៃអង្គការ Grow Asia បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី៖ “ ការសិក្សាលើដំណើរការ និងតម្រូវការយន្តការគាំទ្រ ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា “  ក្រោមគម្រោងនៃការងើបឡើងវិញនៃគម្របបៃតងនៅតំបន់អាស៊ានតាមរយៈសមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (AGREE) ក្រោមជំនួយមូលនិធិពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC)។

Picture : Grow Asia – CPSA

សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ០៣​ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលមានការចូលរួមពីដៃគូពាក់ព័ន្ធសំខាន់ៗ ៣៥នាក់ មកពីវិស័យសាធារណៈ សហគ្រាសឯកជន អង្គការសង្គមស៊ីវិល ក្រុមកសិករ និងស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយ។

គោលបំណងចំបងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីលទ្ធផលជំហានបឋមនៃការសិក្សាស្រាវជ្រាវ និងការផ្តល់អនុសាសន៍ ឬមតិកែលម្អពីដៃគូពាក់ព័ន្ធ និងអ្នកជំនាញនានា ដើម្បីស្វែងរកដំណោះស្រាយ និងបទពិសោធន៍ល្អៗក្នុងការឆ្លើយតបទៅនឹងបញ្ហាយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា។

Picture : Grow Asia – CPSA

សិក្ខាសាលាបានសម្របសម្រួលគៀងគរសិក្ខាកាមបង្កើតជាក្រុមពិភាក្សាក្នុងការផ្តោះប្តូរយោបល់ដោយពិនិត្យមើលទៅលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែ ដើម្បីរំលេចបាននូវបញ្ហាប្រឈម ដំណោះស្រាយ ការផ្តល់អនុសាសន៍ និងស្វែងយល់ ឬឆ្លើយតបជាគោលនយោបាយ។

សិក្ខាសាលានេះ បានផ្តល់ជាវេទិកាសម្រាប់ដៃគូពាក់ព័ន្ធដើម្បីផ្លាស់ប្តូរយោបល់ និងបង្កើតយុទ្ធសាស្រ្តសម្រាប់ដាក់ចេញជាសកម្មភាពក្នុងការកែលម្អស្ថានភាពទៅដល់កសិករខ្នាតតូច ជាពិសេសគឺលើកកម្ពស់ ដល់ស្ត្រី ទាំងការដឹកនាំក្នុងស្ថាប័ន និងអាជីវកម្ម។

Picture : Grow Asia – CPSA

ចំណុចលេចធ្លោមួយ គឺបទបង្ហាញរបាយការណ៍លទ្ធផលនៃការសិក្សាស្រាវជ្រាវលើដំណើរការ និងតម្រូវការយន្តការគាំទ្រ ក្នុងការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា។​ របាយការណ៍នេះមានគោលបំណងជូនដំណឹងអំពីក្របខ័ណ្ឌគោលនយោបាយ និងកែលម្អខ្សែច្រវាក់ផលិតកម្មបន្លែ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

Picture : Grow Asia – CPSA

Grow Asia-CPSA សូមថ្លែងអំណរគុណចំពោះដៃគូពាក់ព័ន្ធនានាក្នុងការអញ្ចើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ និងជំនាញយ៉ាងសកម្ម។ សិក្ខាសាលានេះត្រូវបានសិក្ខាកាមបង្ហាញអំពីការយល់ដឹងកាន់តែស៊ីជម្រៅនៃការអនុវត្តគម្រោង គម្របបៃតងនៅតំបន់អាស៊ានតាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្រ្តី។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីតួនាទីសំខាន់ៗ របស់វិស័យសាធារណៈ សហគ្រាសឯកជន អង្គការសង្គមស៊ីវិល ក្រុមកសិករ និងស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយ ក្នុងការគាំទ្រ និងវិនិយោគទៅលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនខ្សែច្រវាក់តម្លៃបន្លែកម្ពុជា ស្របតាមគោលនយោបាយជាតិ៕

Picture : Grow Asia – CPSA
Picture : Grow Asia – CPSA
ភាសាខ្មែរ