ព្រឹត្តិការណ៍ផ្សេងៗ
កម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជំនាន់ទី២
សាវតា
អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) គឺជាអង្គការដៃគូប្រចាំប្រទេសរបស់ Grow Asia ក្នុងប្រទេសកម្ពុជា ដែលធ្វើការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត ក៏ដូចជាផ្នែកឯកជន និងអង្គការកសិករ។ CPSA ធ្វើការរួមគ្នាជាមួយក្រុមហ៊ុន ភ្នាក់ងាររដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមកសិករ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីភ្ជាប់កសិករខ្នាតតូច ទៅកាន់ទីផ្សារ។ គោលបំណងរួមគឺដើម្បីបង្កើនប្រាក់ចំណូល និងផលិតភាពរបស់កសិករ ព្រមទាំងជម្រុញឱ្យមាននិរន្តរភាពបរិស្ថានសម្រាប់ការងារកសិកម្ម។ បន្ថែមពីនេះផងដែរ CPSA ក៏កំពុងធ្វើការគាំទ្រក្រុមការងារចំនួន៤មានដូចជា៖ ស្វាយចន្ទី ម្រេច ផ្លែឈើ និងបន្លែ និងសហគ្រាសធុនតូច និងមធ្យមផ្នែក កសិ-អាហារ និងបញ្ហាដទៃសំខាន់ចំនួន៣ទៀត (កសិកម្មតាមកិច្ចសន្យា ការវិនិយោគកសិកម្មប្រកបដោយភាពទទួលខុសត្រូវ និងបច្ចេកវិទ្យាកសិកម្ម)។
សហគ្រិនខែ្មរ (KE) ដែលជាស្ថាប័នមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចក្ខុវិស័យក្លាយជាវេទិការថ្នាក់ជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យ សហគ្រិនក្នុងប្រទេសកម្ពុជា។ បេសកម្មរបស់ សហគ្រិនខ្មែរ គឺ ផ្តល់ការគាំទ្រសហថាមពល និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យមានភាពរស់រវើក ដែលគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងនវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារ។ ដើម្បីសម្រេចបេសកម្មរបស់ខ្លួន សហគ្រិនខ្មែរ ផ្ដោតលើកម្មវិធីស្នួលចំនួន៤រួមមាន ការលើកកម្ពស់វប្បធម៌សហគ្រិនភាព, ការអភិវឌ្ឍសមត្ថភាព, បណ្ដាញទំនាក់ទំនង និងការផ្ដល់មូលនិធិដើមទុន។
ក្នុងដើមឆ្នាំ២០២១ CPSA បានទទួលការគាំទ្រពី សហគ្រិនខែ្មរ តាមរយៈកិច្ចសហការជាដៃគូ ដើម្បីអនុវត្តកម្មវិធីបណ្ដុះធុរកិច្ចថ្មី “សហគ្រិនក្នុងសហគមន៍កសិកម្ម ”។ កម្មវិធី នេះមានរយៈពេល៣ឆ្នាំ ក្នុងគោលបំណង បង្កើតឧស្សាហកម្មកសិកម្មប្រកបដោយផលិតភាពខ្ពស់ និងមាននិរន្តភាព ដោយធ្វើការជាមួយក្រុមគោលដៅចំនួន២រួមមាន យុវជន និងក្រុមកសិករ។ គម្រោងនេះមានសមាសភាពសំខាន់ៗចំនួន២គឺ ទី១ “ការបណ្តុះ ធុរកិច្ចថ្មី” ដែលយុវជន ត្រូវបានផ្តល់ការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម សហគ្រិនភាព និងជំនាញ ធុរកិច្ច ក្នុងរយៈពេល៤ខែ និង ទី២ “ការចុះកម្មសិក្សា” របស់និស្សិត រយៈពេលមួយឆ្នាំ នៅតាមសហគមន៍កសិកម្ម ក្នុងខេត្តគោលដៅដូចជា កំពង់ចាម និងកំពង់ធំ ដើម្បី គាំទ្រកសិករ និងសហគមន៍ជនបទ។